ប្រវត្តិសាស្ត្រដែនដីកម្ពុជាក្រោម ភាគ១ អំពីដែនដី និងប្រជាជន



កម្ពុជាក្រោម​ជា​អតីត​ទឹក​ដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ស្ថិត​នៅ​ខាង​កើត​ឆៀង​ខាង​ត្បូង​នៃ​ព្រះរាជាណាចក្រ​ កម្ពុជា ។ បច្ចុប្បន្ន​ ជា​ចំណែក​មួយ​នៃ​ទឹកដី​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម​ប៉ែក​ខាង​ត្បូង (South Vietnam) ។ កម្ពុជាក្រោម​ត្រូវ​អាណានិគម​បារាំង​កាត់​ផ្តាច់​ពី​កម្ពុជា​ ផ្តល់​ទៅ​ឲ្យ​អាជ្ញាធរ​វៀតណាម​ធ្វើ​អាណា​និគម​បន្ត​រហូត​ដល់​សព្វ​ថ្ងៃ ក្រោម​ច្បាប់​អាណា​និគម​បារាំង​លេខ​៤៩-៧៣៣ ចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ១៩៤៩ នៅ​ទីក្រុង Toulon នៃ​ប្រទេស​បារាំង ។

កាល​ពី​សម័យ​ដើម ទឹកដី​កម្ពុជាក្រោម​គេ​ហៅ​ថា​កម្ពុជា​ទឹក​លិច​ ឬ​កម្ពុជា​ក្រោម (កម្ពុជា​ប៉ែក​ខាង​ក្រោម) ហើយ គេ​អាច​ហៅ​បាន​ម៉្យាង​ទៀត​ថា ដែន​ដីសណ្ដ​ទន្លេ​មេគង្គ (Mekong Delta) ។ នៅ​សម័យ​អាណា​និគម​បារាំង​ត្រួតត្រា ឥណ្ឌូចិន ទឹក​ដី​កម្ពុជា​ក្រោម​ត្រូវ​បាន​បារាំង​ហៅ​ថា Basse Cochinchine (កូសាំងស៊ីន​ក្រោម)
 

ដែនដី​កម្ពុជា​ក្រោម ដែល​​ជា​​អតីត​ទឹក​ដី​ព្រះរាជាណាចក្រ​កម្ពុជា
ចំពោះ​ផ្ទៃ​ដី និង​ចំនួន​ប្រជារាស្ត្រ​ខ្មែរ​ដែល​កំពុង​រស់​នៅ​លើ​ទឹកដី​កម្ពុជាក្រោម​សព្វ​ថ្ងៃ​ នៅ​មាន​បញ្ហា​ស្មុគស្មាញ​ ណាស់​ ពី​ព្រោះ​ពុំ​មាន​វិជ្ជាស្ថាន​ជាតិ​ណា​មួយ​បាន​ធ្វើ​ជំរឿន ឬ​កំណត់​ឲ្យ​បាន​ច្បាស់លាស់​ទេ ។ ទោះបី​ជា​យ៉ាង​នេះ​ក៏​ដោយ​ យើង​បាន​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​តាម​ឯក​សារ​ដើម​សម័យ​អាណានិគម​បារាំង​ត្រួតត្រា​ឥណ្ឌូចិន បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ទឹក​ដី​ កម្ពុជា​ក្រោម​មាន​ទំហំ​ផ្ទៃ​ដី ៦៨.៩៦៥ km2 ។ តួលេខ​នេះ គិត​តាម​ឯកសារ​បារាំង​ក្នុង​ឆ្នាំ១៩៤៥ ព្រោះ​នៅ​ពេល​នោះ អាណា​និគម​បារាំង​បាន​បែង​ចែក​ទឹកដី​នៅ​ឥណ្ឌូចិន​ចំនួន ៥​ប្រទេស​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ត្រួតត្រា គឺ ៖

. ប្រទេស​យួន (តុងកឹង Tonking) មាន​ផ្ទៃ​ដី ១០៣.០០០ km2 
. ប្រទេស​យួន​ហ្វេ (អណ្ណាម Annam) មាន​ផ្ទៃ​ដី ១៤៨.០០០ km2
. ប្រទេស​លាវ មាន​ផ្ទៃ​ដី ២៣៦.០០០ km2
. ប្រទេស​កម្ពុជា មាន​ផ្ទៃ​ដី ១៨៥.០០០ km2
. កម្ពុជា​ក្រោម មាន​ផ្ទៃ​ដី​ ៦៥.០០០ km2

បច្ចុប្បន្ន​នេះ ប្រទេស​កម្ពុជា​ប្រកាស​ជា​ផ្លូវការ​ថា​មាន​ផ្ទៃ​ដី ១៨១.០៣៥ km2 ។ ដូច្នេះ​ ទឹក​ដី​កម្ពុជាក្រោម​ត្រូវ កើន​បន្ថែម​ចំនួន ៣.៩៦៥ Km2 បូក​នឹង ៦៥.០០០ km2 ត្រូវ​ជា ៦៨.៩៦៥ km2 (185.000 Km2 – 181.035 km2 + 65.000 km2 =68.965 km2)

 រីឯ​ចំនួន​ប្រជារាស្ត្រ​ខ្មែរ​នៅ​កម្ពុជាក្រោម​វិញ យើង​បាន​ធ្វើ​ជំរឿន​ដោយ​ផ្អែក​ទៅ​លើ​ ឯក​សារ​ចំនួន ៥ ដូច​ខាង​ក្រោម ៖

ទី១ តួលេខ​សម្រង់​ស្ថិតិ​ខ្មែរ​កម្ពុជា​ក្រោម​របស់​រដ្ឋាភិបាល​អាណា​និគម​បារាំង​នៅ​ក្នុង​ឆ្នាំ​១៩២៤ មាន ៨០.០០០ (ប្រាំបី​ម៉ឺន) នាក់ ។

ទី២ តួលេខ​ស្រង់​ស្ថិតិ​របស់​រណសិរ្ស​រំដោះ​កម្ពុជា​ក្រោម​នៅ​ឆ្នាំ ១៩៦៨ មាន ៤.០៤៧.៥០០ (បួន​លាន​បួន​ម៉ឺន​ប្រាំ ពីរ​ពាន់​ប្រាំ​រយ) នាក់ ។

ទី៣ សេចក្តី​ថ្លែងការណ៍​ផ្ទាល់​មាត់​របស់​លោក​ប្រធានាធិបតី​វៀតណាម ង្វៀន វ៉ាន​ធីវ នៅ​ទីក្រុង​ព្រែក​ឫស្សី​ក្នុង​ឆ្នាំ ១៩៦៩ ថា​ប្រជារាស្ត្រ​ខ្មែរ​កម្ពុជាក្រោម​មាន​ប្រមាណ​ជាង ៤.០០០.០០០ (បួន​លាន) នាក់ ។

ទី៤ ឯកសារ​សមាគម​ខ្មែរ​កម្ពុជាក្រោម​នៅ​ប្រទេស​បារាំង​ឆ្នាំ ១៩៦៩ បាន​សរសេរ​ថា​ខ្មែរ​នៅ​កម្ពុជា​ក្រោម​មាន​ចំនួន ៤.៥០០.០០០ (បួន​លាន​ប្រាំ​សែន) នាក់ ។
ទី៥ តួលេខ​បូក​សរុប​ប្រជារាស្ត្រ​ខ្មែរ​របស់​រដ្ឋាភិបាល​ខ្មែរ​នៅ​សាល​សន្និសីទ​ចតុម្មុខ​ក្នុង​ឆ្នាំ ១៩៧០ ឃើញ​ប្រជារាស្ត្រ​ខ្មែរ​នៅ​កម្ពុជា​ក្រោម​មាន​ចំនួន ៤.៥០០.០០០ នាក់។​ រីឯ​នៅ​កម្ពុជា​នា​ពេល​នោះ​ពលរដ្ឋ​ខ្មែរ​មាន​ចំនួន​ជិត ៧.០០០.០០០ (ប្រាំពីរ​លាន) នាក់ ។

ដូច្នេះ បាន​សេចក្តី​ថា សព្វថ្ងៃ​នេះ ពុំ​មាន​ឯកសារ​ណា​មួយ​ ឬ ប្រភព​ណា​មួយ​បាន​ធ្វើ​ជំរឿន​ស្ថិតិ​ប្រជារាស្ត្រ​ខ្មែរ​កម្ពុជា​ក្រោម​ឲ្យ​បាន​ច្បាស់​លាស់​ពិត​ប្រាកដ​ទេ ។


0 Response to "ប្រវត្តិសាស្ត្រដែនដីកម្ពុជាក្រោម ភាគ១ អំពីដែនដី និងប្រជាជន"

Post a Comment

Popular Posts

Popular Posts