ប្រវត្តិសាស្ត្រ​​យួន​សរសេរ - ជំពូក​ ១ - អារម្ភ​កថា​​

ឆ្លងកាត់​ដំណើរការ​កកើត​ទឹកដី និង​ការពារ​ទឹក​ដី ដ៏​យូរអង្វែង​របស់​ជនជាតិ​យើង ទឹកដី និង​ព្រំដែន​ប្រទេស​វៀតណាម​បច្ចុប្បន្ន​នេះ កាន់​តែ​បាន​ពេញលេញ​ឡើងៗ ហើយ​តាំង​ពី​យូរលង់​ណាស់​មក​ហើយ​បាន​ក្លាយ​ជា​ឯកតា​ឯកភាព​មួយ​ចាប់​ពី​ខាង​ជើង ដល់​ខាង​ត្បូង ក្នុង​នោះ មាន​ដែន​ដី​ណាមបូ ។ ដោយ​ទំនៀមទម្លាប់​អង់អាច​ក្លាហាន និង​ស្មារតី​ឧស្សាហ៍​ក្នុង​ពលកម្ម​របស់​ជនជាតិ​យើង​ទាំងមូល ជនជាតិ​វៀតណាម​រាប់​ជំនន់​បាន​ចារ​ទុក​នូវ​ទំព័រ​ប្រវត្តិសាស្ត្រ​ដ៏​មោទនភាព​អំពី​ដំណើរការ​កសាង ការពារ និង​អភិវឌ្ឍន៍​ដែនដី ណាម​បូ ចូលរួម​ក្នុង​ការ​បង្កើត​ភាព​ស្អាតស្អំ​នៃ​ទឹក​ដី មាតុភូមិ​វៀតណាម ។
តាំង​ពី​យូរ​ណាស់​មក​ហើយ ណាម​បូ​ត្រូវ​បាន​អ្នកវិទ្យាសាស្ត្រ​ក្នុង​ និង​ក្រៅ​ប្រទេស​យកចិត្តទុកដាក់​ស្រាវជ្រាវ ប៉ុន្តែ​ដោយសារ​ការ​កង្វះខាត​នូវ​ឯកសារ​ ដូច្នោះ​ហើយ​នៅ​មាន​បញ្ហា​ជា​ច្រើន​ត្រូវការ​ពិភាក្សា ក្នុង​ប្រទេស​សៀវភៅ​សរសេរ​អំពី​ដែនដី​នេះ មាន​តិចតួច​ណាស់ សៀវភៅ​បង្រៀន​នៅ​សាលា ហាក់​ដូចជា​មិន​បាន​និយាយ​អ្វី​ដល់​ដែនដី​នេះ​ឡើយ ។ ស្ថានភាព​នេះ បង្ក​ឡើង​ការ​ខ្វះខាត​នូវ​ចំណេះដឹង​របស់​ប្រជាពលរដ្ឋ និង​កម្មាភិបាល អំពី​ភាព​ឯកភាព​របស់​ប្រវត្តិសាស្ត្រ និង​វប្បធម៌​វៀតណាម ។ ក្រោយ​ឆ្នាំ ១៩៧៥ ពេល​ដែល​មាន​បេសកកម្ម​នៅ​បណ្ដាល​ខេត្ត​ ក្រុង នៅ​ណាម​បូ មាន​កម្មាភិបាល​ជា​ច្រើន​នាក់​សួរ​យើង​ខ្ញុំ​សំណួរ​ជា​ច្រើន​ដូច​ជា ៖ ប្រវត្តិសាស្ត្រ​ដែនដី​ណាម​បូ​បាន​ចាប់​ផ្ដើម​ពី​អង្កាល់ ? ដំណើរការ​ដូច​ម្ដេច ? មាន​ទំនាក់ទំនង​ជា​មួយ​ភូមិភាគ​កណ្ដាល និង​ភូមិភាគ​ខាង​ត្បូង​យ៉ាង​ដូច​ម្ដេច ?
សាស្ត្រាចារ្យ ហ្វាន ហ្វ៊ី​ឡេ (PHAN HUY LÊ) 
មេក្លោង​មួល​បង្កាច់​ប្រវត្តិសាស្ត្រ
ដើម្បី​ចូលរួម​បំភ្លឺ​ការ​ពិត​អំពី​ប្រវត្តិសាស្ត្រ​ដែនដី​ណាម​បូ និង​ឆ្លើយតប​តាម​សំណូមពរ​របស់​មិត្ត​អ្នក​អាន​ជា​ច្រើន សមាគម​វិទ្យា​ប្រវត្តិសាស្ត្រ បាន​សហការ​ជា​មួយ​រោងពុម្ព​ពិភពលោក (Nhà Xuất Bản Thế Giới) ឲ្យ​បោះផ្សាយ​សៀវភៅ ប្រវត្តិសាស្ត្រ​សង្ខេប​នៃ​ដែនដី​ណាម​បូ - វៀតណាម ។ ក្រុម​អ្នក​ស្រាវជ្រាវ​មាន​សាស្ត្រាចារ្យ​ជា​ច្រើន​ដែល​មាន​បទពិសោធន៍​ជា​ច្រើន​ឆ្នាំ​ក្នុង​ការ​សិក្សា​ដែនដី​នេះ ដែល​មាន សាស្ត្រាចារ្យ​បណ្ឌិត្យ​វិទ្យាសាស្ត្រ វូ មិញហ្សាង (Vũ Minh Giang) ជា​ប្រធាន ។ ក្រុម​អ្នក​និពន្ធ​បាន​និពន្ធ​ដោយ​យោង​ទៅ​តាម​ការ​សង្កេត​នូវ​លទ្ធផល​សិក្សា​របស់​ផ្នែក​វិទ្យាសាស្ត្រ​ជា​ច្រើន​ទៀត​ដូច​ជា ៖ ប្រវត្តិសាស្ត្រ បុរាណវិទ្យា ជនជាតិ​វិទ្យា វប្បធម៌​វិទ្យា នីតិ​វិទ្យា ។ល។ ក្នុង និង​ក្រៅ​ប្រទេស ។ សៀវភៅ​នេះ​បាន​សរសេរ​ដោយ​អព្យាក្រិត តាម​ប្រព័ន្ធ សាមញ្ញ និង​សង្ខេប​នូវ​ឯកសារ ភស្តុតាង​អំពី​ប្រវត្តិ​អភិវឌ្ឍន៍​របស់​ដែនដី​ណាម​បូ ។
ជា​ដំបូង​បង្អស់ សៀវភៅ​នេះ​បាន​ឧទ្ទេសនាម​អំពី​សម័យ​មុន​ប្រវត្តិសាស្ត្រ ពេល​ដែល​មាន​មនុស្ស​របស់​នៅ​លើ​ទឹកដី​ណាម​បូ និង​ភាគ​ច្រើន​គឺ​ចាប់ផ្ដើម​ពី​វប្បធម៌ អុក​អែវ (គឺ​យួន​ហៅ​បន្លំ​ពី​ឈ្មោះ អូ​កែវ របស់​ខ្មែរ​យើង) ជា​មួយ​ប្រទេស ភូណាម (គឺ​យួន​ហៅ​បន្លំ​ពី​ឈ្មោះ នគរ​ភ្នំ) មាន​ន័យ​ថា​ជា​រដ្ឋ​មុន​គេ​បង្អស់​នៅ​លើ​ទឹក​ដី​នេះ នា​ដើម​សតវត្ស ។ កាល​ពី​សម័យ​ដើម លើ​ទឹក​ដី​វៀតណាម​បច្ចុប្បន្ន មាន​មជ្ឈមណ្ឌល​វប្បធម៌​បី ដែល​នាំ​មក​នូវ​ការ​បង្កើត​រដ្ឋ​មាន​អាយុ​កាល​មុន​គេ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​គឺ ៖ មជ្ឈមណ្ឌល​វប្បធម៌ សា​ហ្វ៊ីញ (Sa Huỳnh) និង​រដ្ឋ​ឡាំ​អឹប (ចាម្ប៉ា) នៅ​ភូមិភាគ​កណ្ដាល និង​មជ្ឈមណ្ឌល​វប្បធម៌ អុក​អែវ និង​រដ្ឋ​ភូណាម នៅ​ភូមិភាគ​ខាង​ត្បូង ។
ជា​បន្ត​ទៅ​ទៀត សៀវភៅ​នេះ នឹង​រៀបរាប់​អំពី​ដំណើរ​ការ​ប្រវត្តិសាស្ត្រ​ចាប់​ពី​ពេល​ដែល​រដ្ឋ ភូណាម ត្រូវ​ដួល​រលំ ពី​សតវត្ស​ទី​៧ ដល់​សតវត្សទី១៦ ពេល​ដែល​ដែនដី​ណាមបូ​ត្រូវ​បាន​ចូល​ជា​មួយ​ប្រទេស ចឹន​ឡាប (ជា​ពាក្យ​ដែល​យួន​ហៅ ចេន ឡា)និង​ពី​សតវត្សទី១៧ ពេល​ដែល​កសិករ​ជនជាតិ​យួន ហើយ​មាន​ជនជាតិ​ចិន​មួយ​ចំនួន​ដែល​ចូល​មក​កាប់ឆ្ការ​ដី​ព្រៃ រក​ស៊ី ។ បន្តវេន​របស់​ជនជាតិ​មុនៗ​ដូច​ជា​ជនជាតិ ម៉ា (Mạ) ស្ទៀង ច្រ ខ្មែរ ចាម ។ល។ ។ ជនជាតិ​យួន​ច្រើន​ជំនន់ និង​ជនជាតិ​ចិន​មួយ​ចំនួន​បាន​បើក​ទូលាយ​ការ​កាប់ឆ្ការ អភិវឌ្ឍន៍​សេដ្ឋកិច្ច វប្បធម៌​ ជំរុញ​ការ​កាប់ឆ្ការ​ទឹកដី​ណាម​បូ ។ ខណៈ​ពេល​នោះ រាជវង្ស​ចឹន​ឡាប​ត្រូវ​អន់ខ្សោយ ត្រូវ​បែកបាក់​ជា​ពីរ​ក្រុម​ជិតស្និទ្ធ​ជា​មួយ​ស្យាម​ឡា​នៅ​ខាង​លិច និង​ស្ដេច​ង្វៀន​នៅ​ដាន​ចុង (ភាគ​ខាង​ក្នុង នា​ពេល​នោះ​យួន​ក៏​ត្រូវ​បែកបាក់ បែងចែក​ប្រទេស​ជា​ពីរ​រដ្ឋ រដ្ឋ​ស្ដេច​ ជិញ (Trịnh) នៅ​ខាង​ជើង ហៅ​ថា ដាន​ង្វ៉ាយ (Đàn Ngoài) ខាង​ក្រៅ និង​ស្ដេចក្រាញ់ ង្វៀន (Nguyễn) ​នៅ ខាង​ត្បូង​ហៅ​ថា ដាន​ចុង (Đàn Trong) ខាង​ក្នុង ) ក្នុង​កាលៈទេសៈ​នោះ​ហើយ រដ្ឋ​របស់​​ស្ដេច​ង្វៀន បាន​ជំរុញ​ដំណើរការ​កាប់ឆ្ការ​ដី​ព្រៃ ហើយ​ជា​បណ្ដើរៗ​កសាង​រដ្ឋការ កំណត់​សិទ្ធ​ជា​ម្ចាស់​ទឹកដី​លើ​ដែនដី​ណាម​បូ ។ ដល់​ពាក់កណ្ដាល​សតវត្សទី១៨ ដែនដី​ណាម​បូ​ទាំងមូល បាន​ស្ថិត​ក្នុង​ទឹកដី និង​ក្រោម​ការ​គ្រប់គ្រង​ពេញ​សិទ្ធិ​របស់​ស្ដេច​ង្វៀន នៅ​ដាន​ចុង ។ ចាប់​តាំង​ពី​ពេល​រាជវង្ស ង្វៀន​បាន​កើត​ឡើង​នៅ​សតវត្សទី១៩ ដែនដី​ណាម​បូ​ជា​មួយ​ភាគ​ក្នុង​ប្រទេស​វៀតណាម​ឯកភាព​ពី​ខាង​ជើង​ចុះ​ដល់​ខាង​ត្បូង ។ ក្នុង​រយៈ​ពេល​ប្រវត្តិសាស្ត្រ​នោះ សហគមន៍​បណ្ដាល​ជនជាតិ​រស់នៅ​លើ​ដែនដី​ណាម​បូ កាន់តែ​ជិតស្និទ្ធ​គ្នា​ក្នុង​វាសនា​រួម​របស់​ស្រុក​កំណើត និង​មាតុភូមិ ក្នុង​ភារកិច្ច​កសាង និង​ការពារ​ដែនដី​ណាម​បូ ។
ទន្ទឹម​នឹង​ប្រវត្តិ​អភិវឌ្ឍន៍​ដែនដី​ណាម​បូ សៀវភៅ​នេះ​នៅ​បង្ហាញ​នូវ​ឯកសារ​មួយ​ចំនួន​ដែល​បាន​ចុះ​រវាង អណ្ណាម (វៀណាម) និង កាវ​មៀន (កម្ពុជា) ជា​មួយ ស្យាមឡា (ថៃឡង់ដ៍) កណ្ដាល​សតវត្សទី១៩ និង​សន្ធិសញ្ញា​បាន​ចុះ​រវាង​រាជការ​ង្វៀន និង​តំណាង​កងទាហាន​បារាំង​នា​ចុង​សតវត្សទី១៩ ហើយ​មាន​សន្ធិសញ្ញា​ដែល​បាន​ចុះ​រវាង​បារាំង និង​កម្ពុជា អំពី​ព្រំដែន​រវាង​ណាម​គី (គឺ​ពាក្យ​ដែល​យួន​ហៅ​កូសាំងស៊ីន) និង​កម្ពុជា សន្ធិសញ្ញា​ អេលីសេ (Elysée) ឆ្នាំ ១៩៤៩ រដ្ឋាភិបាល​បារាំង​សង​ដី​ណាមគី​ឲ្យ​វៀតណាម ហើយ​សន្ធិសញ្ញា ហ្សឺណែវ ឆ្នាំ​១៩៤៥ ។ សន្ធិសញ្ញា ប៉ារីស ឆ្នាំ១៩៧៣ ។ ហើយ​ថ្មីៗ​នេះ ជា​សន្ធិសញ្ញា​រវាង​រដ្ឋាភិបាល​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ចុះ​ជា​មួយ​នឹង​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា នៅ​ឆ្នាំ​១៩៧៩ ១៩៨៣ ១៩៨៥ ២០០៥ កំណត់​ព្រំដែន​ដីគោក​រវាង​ប្រទេស​ទាំង​ពីរ ។ ថ្ងៃ​២៧ ខែ​កញ្ញា ឆ្នាំ ១០០៦ នាយករដ្ឋមន្ត្រី​ប្រទេស​វៀតណាម និង​កម្ពុជា បាន​សម្ពោធន៍​បង្គោល​ព្រំដែន​ដំបូង​បង្អស់​នៅ​ច្រក ម៉ុក​បាយ (តៃនីញ វៀតណាម) និង​បាវិត (កម្ពុជា) ។ ការ​កំណត់​ព្រំដែន​កំពុង​ដំណើរការ និង​សម្រេច​ជា​ស្ថាពរ​នៅ​ឆ្នាំ២០០៨ ។ ដូច្នោះ ព្រំដែន​វៀតណាម​កម្ពុជា​បាន​ក្លាយ​ជា​ព្រំដែន សន្តិភាព មិត្តភាព ស្ថិរភាព សហប្រតិបត្តិ​រុងរឿង រវាង​ប្រទេស​ជិតខាង​ទាំង​ពីរ ។
យោងទៅតាម​មូលដ្ឋាន​ប្រវត្តិសាស្ត្រ​ពិត និង​នីតិ​ឯកសារ​អន្តជាតិ ណាម​បូ​ជា​មួយ​ភាគ ដែល​មិន​អាច​កាត់​ដាច់​ចេញ​ពី​ទឹកដី​វៀតណាម​បាន​ឡើយ ។ សៀវភៅ​នេះ ក៏​មាន​មួយ​ភាគ​និយាយ​អំពី​ជីវភាព​របស់​សហគមន៍​ប្រជាជន​ណាម​បូ ក្នុង​ភាព​ទំនាក់ទំនង សាមគ្គី លាយឡំ​វប្បធម៌​ដ៏​ជិតស្និទ្ធ​រវាង​ជនជាតិ​ទាំងឡាយ​ដូច​ជា យួន ខ្មែរ ចិន ចាម ស្ទៀង ច្រ ។ល។ និង​លក្ខណៈ​ពិសេស​អំពី​ប្រវត្តិសាស្ត្រ វប្បធម៌​ណាម​បូ ។ ក្រុម​អ្នក​និពន្ធ​ក៏​បាន​សង្កត់​ធ្ងន់​អំពី​ទំនៀមទម្លាប់​សាមគ្គី​ជនជាតិ របស់​សហគមន៍​បណ្ដា​ប្រជាជន​ណាមបូ ក្នុង​ពលកម្ម​ផលិត អភិវឌ្ឍ​សេដ្ឋកិច្ច វប្បធម៌ សង្គម ក៏​ដូច​ជា​ក្នុង​ការ​ប្រយុទ្ធ​ដ៏​អង់អាច​ដើម្បី​ការពារ​ឯករាជ្យ ឯកភាព និង​បូរណភាពទឹកដី​របស់​ជនជាតិ​វៀតណាម ។
សៀវភៅ​នេះ​ក៏​មាន ឧបសម្ពន្ធ ស្ដី​អំពី​ព្រឹត្តិការ​សំខាន់ៗ និង​ឆ្នាំ​ដែល​កកើត​ឡើង ឯកសារ​ទាំង​ស្រុង ឬ ដកស្រង់​ឯកសារ​ដែល​មាន​ពាក់ព័ន្ធ​នឹង​អត្ថបទ​ដែល​បាន​លើកឡើង​ក្នុង​សៀវភៅ ។
បាន​សរសេរ​ដោយ​សង្ខេប និង​សាមញ្ញ យើង​ខ្ញុំ​សង្ឃឹម​ថា​សៀវភៅ​នេះ​នឹង​ឆ្លើយតប​បាន​សំណូមពរ​សិក្សា​អំពី​ប្រវត្តិសាស្ត្រ​ដែនដី​ណាមបូ របស់​មិត្ត​អ្នក​អាន និង​ជា​ឯកសារ​យោង​សម្រាប់​អ្នក​ស្រាវជ្រាវ ។

ហាណូយ និទាឃរដូវ​ឆ្នាំ​ជូត​សំរឹទ្ធិស័ក – ២០០៨
សាស្ត្រាចារ្យ ហ្វាន ហ្វ៊ី​ឡេ (PHAN HUY LÊ)
ប្រធាន​សមាគម​វិទ្យា​ប្រវត្តិសាស្ត្រ​វៀតណាម

0 Response to "ប្រវត្តិសាស្ត្រ​​យួន​សរសេរ - ជំពូក​ ១ - អារម្ភ​កថា​​"

Post a Comment

Popular Posts

Popular Posts